(ថៃ, បាងកក)៖ អតីតមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងប្រចាំប្រទេសថៃ និងជាជនភៀសខ្លួននយោបាយ បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយកុំគូសបំផ្លាញសន្លឹកឆ្នោតចោលតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី។
អតីតក្រុមប្រឆាំងលោក ហុក លាងហេង តំណាងរាស្ត្រលេខរៀងទី៦ ខេត្តបន្ទាយមានជ័យ ជាអនុប្រធានទី២នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀនប្រចាំប្រទេសថៃ និងជាជនភៀសខ្លួននយោបាយ និងលោក ជា សុខនីម លេខាធិការក្រុមទ្រទ្រង់ប្រចាំប្រទេសថៃ ជាជនភាសខ្លួននយោបាយ បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បំពេញតួនាទីជាពលលរដ្ឋល្អ ដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍ និងគូសសញ្ញាគ្រីសគណបក្សប្រជាពលរដ្ឋពេញចិត្ត ហើយកុំគូសបំផ្លាញសន្លឹកឆ្នោតចោលតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់ និងក្រុមជ្រុលនិយមនៅក្រៅប្រទេស។
លោក ហុក លាងហេង និងលោក ជា សុខនីម បានរៀបរាប់ថា ជាច្រើនឆ្នាំដែលពួកលោកបានលង់ខ្លួនជឿងបបក្សប្រឆាំង និងជនក្បត់ជាតិ៣ជំនាន់ បន្សល់តែការឈឺចាប់ បាត់បង់ការងារ ខាតពេលវេលា និងអស់ទាំងថវិកា ឃ្លាតចាកឆ្ងាយពីស្រុកកំណើត គ្រួសារ និងសាច់ញាតិ។
ថ្លែងចេញពីប្រទេសថៃ អតីតមេដឹកនាំគណបក្សប្រឆាំងនឹងទៅបោះឆ្នោត និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត៕