(កំពង់ធំ)៖ លោក ងួន រាសី ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងាររួមជាមួយសមាជិកគណបក្សជាង៦០០នាក់ ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោក ងួន រាសី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗក្នុងរយៈពេល ២០ថ្ងៃ កន្លងមក ព្រមទាំងបានរៀបចំការដង្ហែក្បួនឃោសនាបោះឆ្នោតធំៗចំនួន៣លើករួចមកហើយ ដោយទទួលបានជោគជ័យ ព្រមទាំងមានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន។

លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាពថែរក្សា បានសន្តិភាពនិងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត ដូច្នេះសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្តេចតេជោ ហ៊ុន សែន និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍន៍។

លោក ងួន រាសី រួមជាមួយក្រុមការងារចុះមូលដ្ឋានឃុំ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដោយបានចេញដំណើរពីទីស្នាក់ការគណបក្សឃុំបល្ល័ង្គ ឆ្ពោះទៅកាន់គ្រប់ភូមិមុននឹងធ្វើពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត៕