(កណ្ដាល)៖ លោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សចូលរួមដង្ហែក្បួនប្រមាណជាង១ម៉ឺននាក់។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានលើកឡើងថា មកដល់ថ្ងៃនេះ យុទ្ធការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងប្រកបដោយជោគជ័យ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ក្រមសីលធម៌ និងនីតិវិធីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត។

លោកបានសម្ដែងនូវមនោសញ្ចេតនារីករាយយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានរបស់បងប្អូនសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្ដែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់មន្ត្រីគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ស្រុក និងឃុំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានបំពេញកាតព្វកិច្ចចុះជាប់ ជិតស្និទ្ធជាមួយប្រជាជន ដឹងសុខដឹងទុក្ខក្នុងជីវភាពរស់នៅ និងជួយដោះស្រាយបញ្ហាជូនប្រជាជនបានទាន់ពេលវេលា និងតាមលទ្ធភាពជាក់ស្តែង។

លោកបានសង្កត់ធ្ងន់ថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតខាងមុខ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងជំរុញអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ ដើម្បីធានាការការពារសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ និងការលើក ស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងអនុវត្តនូវកម្មវិធីនយោបាយសង្គមជាអាទិភាពនានា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនអ្នកគាំទ្រគណបក្សដែលមានរូបប្រជាជនកម្ពុជាទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទេវតាបាចផ្កាជាសម្គាល់ មានលំដាប់លេខរៀងទី១៨ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិរបស់យើងបន្តទៀត៕