(ក្រចេះ)៖ លោក ហួត សុី នាថ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ និងលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន សមាជិកអចិន្ត្រៃគណបក្សប្រជាជនខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកអូរគ្រៀងសែនជ័យ នៅព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅស្រុកអូរគ្រៀងសែនជ័យ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតជាថ្ងៃចុងក្រោយ។
លោក ហួត សុីនាថ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់ជំនឿចិត្តដល់គណបក្សប្រជាជន ជាពិសេសការប្ដេជ្ញាចិត្តក្នុងការគាំទ្រគណបក្សប្រជាជនបន្តទៀត ហើយបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ កៀរគរសាច់ញាតិ មិត្តភក្តិឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
លោកបញ្ជាក់ថា «សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាទីស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានតម្លៃស្មើនឹងបោះឆ្នោតជូនខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានសុខសន្តិភាព ការឯកភាពជាតិពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមានហេដ្ឋារចនាសម្ពន្ធនានា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យគ្រប់គ្រាន់»។
ក្នុងការហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសំឡេងឃោសនសព្វ និងសម្រែកឃោសនា។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេល២១ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕