(កណ្ដាល)៖ លោក អ៊ាវ ចំរើន ប្រធានក្រុមការងារគណបក្សចុះជួយឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាឃុំកោះខ្សាច់ទន្លាប្រមាណ១,៨០០នាក់ ដង្ហែក្បួនបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
នាឱកាសនោះ លោក អ៊ាវ ចំរើន បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺមានតម្លៃស្មើនឹងបោះឆ្នោតជូនខ្លួនឯង ទទួលបានសុខសន្តិភាព ការឯកភាពជាតិពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងការហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសំឡេងឃោសនសព្វ និងសម្រែកឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយជាទូទៅបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕