(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងភូមិសាស្ត្រស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានអ្នកសមាជិកបក្សចូលរួមប្រមាណ ៣.៣០០នាក់។
ក្នុងយុទ្ធនាការឃោសនាថ្ងៃចុងក្រោយនេះ ឯកឧត្តម បានបន្តអំពាវនាវជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ហើយបើស្រលាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខ ១៨ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនយើង។
សម្រាប់ លោក ព្រមទាំងសមាជិកសមាជិកាបក្សទាំងអស់ បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
បន្ទាប់ក្បួនដង្ហែ លោក បានជួបសំណេះសំណាល និងពង្រឹងស្មារតីសមាជិកគណបក្ស បន្តជំរុញប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាខាងមុខនេះទាំងអស់គ្នា ហើយត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមពាក្យស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ចំពោះអ្នកដែលមិនមានចង្អុលដៃខ្មៅ ឬមិនទៅបោះឆ្នោតត្រូវកត់ត្រាទុក ព្រោះបើតាមច្បាប់បោះឆ្នោតថ្មី គឺអ្នកមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗទៀតឡើយ ហើយសមាជិកបក្សដែលមិនបោះឆ្នោតជូនបក្សក៏មិនគួរស្ថិតក្នុងបញ្ជីឈ្មោះបក្សទៀតដែរ។
លើសពីនេះទៀត សម្រាប់អ្នកគ្រប់គ្រង និងអ្នកអង្កេតការបក្ស នៅការិយាល័យបោះឆ្នោត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតួលេខទាំង ៣ ដោយពិនិត្យតាមដានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ និងផ្ញើមកថ្នាក់លើឱ្យបានទាន់ពេលវេលាតាមម៉ោងដែលបានកំណត់ គឺចំនួនអ្នកទៅបោះឆ្នោត ចំនួនសន្លឹកឆ្នោតបោះជូនបក្ស និងចំនួនសន្លឹកឆ្នោតខូច ព្រមទាំងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់បក្ស។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ គឺខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ៩គណបក្ស មានដូចជាគណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនសុិនបុិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕