(ខេត្តបាត់ដំបង) ៖ ល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក ឡេង ប៉េងឡុង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បានជួបសំណេះសំណាលជាមួយភ្នាក់ងារ គណបក្សសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បានពាំនាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស កោតសសើរដល់គ្រប់ផ្នែក នៃក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពិនិត្យរាល់សំណើ សំណូមពរ ដោះស្រាយបញ្ហា ផ្តល់សេវាជូនប្រជាជនយ៉ាងមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះដែរ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍បន្ថែមដោយបានណែនាំដល់ភ្នាក់ងារគណបក្សសង្កេតការណ៍ទាំងអស់ត្រូវប្រតិបត្តិការងារតាមតួនាទី ភារកិច្ច ក្លាហាន ភក្តីភាព ការពារប្រយោជន៍ជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង បានថ្លែងបន្តទៀតថា សមាជិកភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោតត្រូវអនុវត្តនូវស្មារតីនៃការណែនាំនេះ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។