(កណ្តាល)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឈាង សុវណ្ណរតនា ប្រធានការក្រុមការងារមូលដ្ឋានសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង៨០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខាងលើនេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ភូមិនៃក្រុងតាខ្មៅ។
ក្នុងឱកាសនោះ លោក ឈាង សុវណ្ណរតនា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងកុះករនៅក្នុងយុទ្ធនាការឃោសនារយៈពេល២១ថ្ងៃកន្លងមក ប្រកបដោយស្មារតីសាមគ្គីភាព ភាពថ្លៃថ្នូរ គោរពទៅតាមនីតិវិធីច្បាប់ ក្នុងបរិយាកាសរីករាយ និងស្ងប់ស្ងាត់ល្អ ពិសេសបានបង្ហាញនូវការស្រឡាញ់ ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជន ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនាអាណត្តិខាងមុខ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត។
លោកក៏បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕