(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ផារ៉ា មង្គល ប្រធាន​ក្រុម​ការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ​ របស់គណ​បក្ស​ប្រជាជន​កម្ពុជា បានដឹក​នាំសមាជិក សមាជិកាគណបក្សនៅក្នុងមូលដ្ឋានឃុំទាំង១២ នៃស្រុកក្រូចឆ្មារ សរុបចំនួន ១២,០០០នាក់ ធ្វើពិធីបិទយុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។

ក្នុងពិធីនោះ អង្គពិធីទាំងមូលបានរួមគ្នា «អរគុណសន្ដិភាព» «អរគុណ​នយោ​បាយ​ឈ្នះ ឈ្នះ» «ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ​នយោ​បាយ​ឈ្នះ ឈ្នះ» និងប្ដេជ្ញារួមគ្នាគាំទ្រ​យ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជា​បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ផារ៉ា មង្គល បានថ្លែងអំណរគុណដល់ក្រុមការងារ សមាជិក សមាជិកា​បក្ស​ស្រុកក្រូចឆ្មារទាំងអស់ ដែលបានប្រឹងប្រែងបំពេញកិច្ចការរួមគ្នាយ៉ាង​សស្រាក់​សស្រាំរយៈពេល២០ថ្ងៃកន្លងទៅ ដោយចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ​ផ្សព្វ​ផ្សាយគោលនយោបាយបក្ស និងបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោត​ជា​ដើម។ លោក ផារ៉ា មង្គល បានចាត់ទុកនូវសកម្មភាពទាំងអស់នោះ បង្ហាញ​ឱ្យឃើញពីភក្តីភាព និងការប្រឹងប្រែងដ៏មុះមុតមួយ ដើម្បីជួយឱ្យបក្សដណ្តើម​បានជួយជម្នះនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

លោក ផារ៉ា មង្គល បានអំពាវនាវដល់សមាជិក សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកក្រូចឆ្មារ អញ្ជើញទៅបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរក្សាបានសុខសន្ដិភាព និងការអភិវឌ្ឍ។

លោក មង្គល ក៏បានក្រើនរំលឹកប្រជាពលរដ្ឋមិនត្រូវជឿតាមការញុះញង់ណា​មួយគូសបំផ្លាញសន្លឹកឆ្នោត ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយធ្វើឱ្យខ្លួនប្រឈមនឹងច្បាប់នោះឡើយ៕