(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត ដង្ហែក្បួនទ្រង់ទ្រាយធំឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាលើកទី៤ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទូទាំងស្រុកអូររាំងឪ។

នៅក្នុងពិធីដង្ហែក្បួននោះ ត្រូវបានប្រជាជននៅទូទាំងស្រុកអូររាំងឪ និងក្រុងសួង ព្រមទាំងស្រុកត្បូងឃ្មុំ ដែលត្រូវបានក្បួនធ្វើដំណើរឆ្លងកាត់តាមនោះ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន បន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាដរាប។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំគ្រប់ឋានានុក្រមទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន ព្រមទាំងចូលរួមការដង្ហែក្បួនធំជាលើកទី៤នេះ ដោយទទួលបានជោគជ័យ ដែលមានការគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានអំពាវនាវដល់សមាជិកគណបក្សប្រជាជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ។

ក្នុងឳកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងសមាជិកសមាជិកាយុវជនគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ បានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕