(កំពង់ធំ)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានត្រៀមខ្លួនជាស្រេចដើម្បីបម្រើជូនម្ចាស់ឆ្នោត ក្នុងការរៀបចំការបោះឆ្នោត ក្នុងខេត្តកំពង់ធំ ឱ្យមានភាពរលូន និងប្រសិទ្ធភាព។

ជាក់ស្តែងលើការដឹកជញ្ជូនសម្ភារបោះឆ្នោត បន្ទាប់ពីបានទទួលសម្ភារៈ ឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោតពី គ.ជ.ប រួចមក គ.ខ.ប កំពង់ធំ បានសហការជាមួយកងកម្លាំងរក្សាសន្តិសុខ និងរៀបចំផែនការដឹកជញ្ជូនសម្ភារទៅកាន់ គឃ.សបទាំង ៨១ឃុំ សង្កាត់ក្នុងខេត្ត ទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរការនៃការដឹកជញ្ជូនទៅតាមគោលដៅទាំង ៨១ ឃុំ សង្កាត់នេះ មានទិសដៅពីរដែលត្រូវធ្វើដំណើរតាមផ្លូវទឹកគឺទិសដៅទី១ទៅ គ.ឃ.ប ផាត់សណ្ដាយ ក្នុងស្រុកកំពង់ស្វាយ និងទិសដៅទី២ទៅ គ.ឃ.ប ពាមបាង ក្នុងស្រុកស្ទោង ដែលត្រូវប្រើប្រាស់កាណូតក្នុងការដឹកជញ្ជូន គួបផ្សំជាមួយអាកាសធាតុមិនសូវអំណោយផលផងនោះធ្វើឲ្យដំណើរការនៃការដឹកជញ្ជូននេះជួបការលំបាក។

ទោះបីជាជួបការលំបាកបន្តិចក្តី ប៉ុន្តែដោយការត្រៀមខ្លួនទុកជាមុន និងមានកិច្ចសហការល្អរវាង គ.ខ.ប គឃ.សប និងភាគីពាក់ព័ន្ធនានា ធ្វើឲ្យដំណើរការនៃការដឹកជញ្ជូននេះទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាពតាមការរំពឹងទុក។

សូមជម្រាបជូនថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានដឹកជញ្ជូនសម្ភារៈ បរិក្ខារ និងឯកសារបោះឆ្នោតសំខាន់ៗ ជូនដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទូទាំង ៨១ ក្នុងខេត្តកំពង់ធំ បានដល់គ្រប់គោលដៅ និងប្រកបដោយសុវត្ថិភាព។

លើការបណ្តុះបណ្តាលជំនាញដល់មន្ត្រីបោះឆ្នោតដើម្បីប្រសិទ្ធភាពការងារនៅតាមការិយាល័យបោះឆ្នោត បន្ទាប់ពីជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតដែលមានសមត្ថភាពរួចមក គ.ខ.ប កំពង់ធំ អនុវត្តតាមកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ ធ្វើការបណ្តុះបណ្តាលដល់មន្ត្រីការិយាល័យបោះឆ្នោតនូវក្បួនច្បាប់ និងនីតិវិធី សម្រាប់យកទៅអនុវត្តដំណើរការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនាពេលបោះឆ្នោតខាងមុខ។ ក្នុងនោះមានមន្ត្រីការិយាល័យសរុបចំនួន ៦,៩១២នាក់ ស្រី ៣,៩០១នាក់មាន ៣០នាក់ ស្រី២២នាក់ ជាជនជាតិភាគតិច និង១៨នាក់ ស្រី ៧នាក់ ជាជនពិការផងដែរ។

ដើម្បីធានាបាននូវអព្យាក្រឹតភាពជាមន្ត្រីបោះឆ្នោត មន្ត្រីទាំងអស់ដែលបានជ្រើសរើសចូលបម្រើការងារ បានធ្វើការសច្ចាប្រណិធាន ចំពោះទេព្តា និងវត្ថុស័ក្តិសិទ្ធិ ដោយប្តេជ្ញា និងអនុវត្តតាមបាវចនារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌មន្ត្រីបោះឆ្នោត និងខិតខំបំពេញការងារដោយស្មោះត្រង់ មិនកេងប្រវញ្ចផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់បក្សពួកឡើយ៕