(ស្វាយរៀង​)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត លោក​ លីវ​ សុភក្ត្រា​ រដ្ឋលេខាធិការ​ ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​ស្វាយ​អង្គ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ នៅក្នុងឃុំ​ស្វាយអង្គ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​ ។

នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នាឱកាសនោះ មានការអញ្ជើញចូលរួមអមដំណើរដោយ​​លោក លោកស្រី អនុប្រធានក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សឃុំ និងសមាជិក សមាជិកា ប្រមាណជាង ១,០០០នាក់។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ផ្តើមធ្វើឡើងរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១កក្កដានេះ បានប្រារព្ធទៅដោយរលូន និងគ្មានអំពើហិង្សា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រារព្វធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម ក្នុងនោះគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀង១៨ ក្នុងសន្លឹកឆ្នោត៕