(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទៅបោះឆ្នោតឲ្យជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការអំពាវនាវនេះ បានធ្វើឡើងពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល អញ្ជើញជាអធិបតី ក្នុងពិធីបិទការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ នៅអាណត្តិទី៧ និងរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់។ ជាមួយគ្នានេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន នាអាណត្តិទី៧ ឲ្យកាន់នាវាកម្ពុជាកាន់តែរីកចម្រើន និងដើម្បីគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន គឺដើម្បីឲ្យកម្ពុជារក្សាបានសន្តិភាព និងការអភិវឌ្ឍ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជាដ៏ចំណានមួយរូប បានឲ្យដឹងផងដែរថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ធ្វើឲ្យបរទេសតែងតែសរសើរ ពេលគេមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហើយគេតែងតែលើកឡើងចំណុចល្អនេះ មុននឹងលើកឡើងចំណុចនានា។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា គឺការបោះឆ្នោត ៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានបក្សនយោបាយ ចំនួន១៨ ចូលរួមនោះ បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រកបដោយ យុត្តិធម៌ និងតម្លាភាព ហើយក៏បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ កំពុងត្រូវបានអនុវត្តយ៉ាងល្អ នៅប្រទេសកម្ពុជា៕