(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យមេសាង ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ក្រុមការងារ ស.ស.យ.ក វិស័យមហាផ្ទៃ ដឹកនាំដោយលោក នុត សវនា សហការជាមួយ ស.ស.យ.ក ស្រុកមេសាង ខេត្តព្រៃវែង បានជួបសំណេះសំណាល ជាមួយសិស្សវិទ្យាល័យមេសាងប្រមាណ១,០០០នាក់។

ជំនួបសំណេះសំណាលនេះ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការទុកដាក់សំរាម ការសម្អាតអនាម័យនៅតាមសហគមន៍ និងការគោរពច្បាប់ចរាចរណ៍ ការចៀសវាងការសេពគ្រឿងញៀន គ្រឿងស្រវឹង បំផុសស្មារតីក្នុងការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការលេងកីឡា ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអភិវឌ្ឍយុវជន របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីបានធ្វើសកម្មភាពរើសសំរាមនៅតាមដងផ្លូវជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកប្រធាន សសយក វិស័យមហាផ្ទៃក៏បានឧបត្ថម្ភឯកសណ្ឋាន ស.ស.យ.ក ចំនួន២០ជូនសាខាស្រុកមេសាង និងថវិកាចំនួន១លានរៀល ជូនសាលាវិទ្យាល័យមេសាងផងដែរ៕