(ភ្នំពេញ)៖ មេសហជីពធំនៅកម្ពុជា នាថ្ងៃទី២១កក្កដាឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី និង ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតបងប្អូន គឺជា «សន្លឹកឆ្នោត គាំទ្រសន្តិភាព និងការអភិវឌ្ឍ»។
លោក សំ សឿន ប្រធានក្រុមក្រុមប្រឹក្សាជាតិសហជីព NTUC ដែលជាសហជីពឯករាជ្យ ក៏សូមអំពាវនាវដល់បងប្អូន សមាជិក សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
លោក សំ សឿន មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់ទៅបោះឆ្នោតចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៅដដែល។
លោកបន្តថា «សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និង យន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករនិយោជិត ឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ គឺតាមរយៈការបោះឆ្នោតនេះហើយ»។
លោក សំ សឿន លើកឡើងថា មានគណបក្សនយោបាយចូលរួមមានចំនួន១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះ សូមបងប្អូនសមាជិក សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសយកបានតែមួយគត់ ក្នុងចំណោម១៨ គណបក្សឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
វត្តមាននៃការចូលរួមបោះឆ្នោតរបស់បងប្អូន សមាជិក សមាជិកា កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិការស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និង កិត្យានុភាពជាតិ។
មេសហជីពរូបនេះ សង្ឃឹមជឿជាក់ថា បងប្អូនសមាជិក សមាជិកា កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ៕