(កំពង់ចាម)៖ ថ្ងៃទី២១ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារជួយស្រុកកងមាស ខេត្តកំពង់ចាម បានដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកកងមាសលើកទី៤ ដែលមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងមូលដ្ឋាន ប្រមាណ២,៥០០នាក់ នៅតាមឃុំទាំង១១ ព្រមទាំងរៀបចំកម្មវិធីកំសាន្តសប្បាយ អបអរសាទរពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកកងមាស។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់នៅស្រុកកងមាស ដែលបានចូលរួមយ៉ាងសកម្ម និងកុះករនៅក្នុងយុទ្ធនាការឃោសនារយៈពេល២១ថ្ងៃកន្លងមក ប្រកបដោយស្មារតីសាមគ្គីភាព ភាពថ្លៃថ្នូរ គោរពទៅតាមនីតិវិធីច្បាប់ ក្នុងបរិយាកាសរីករាយ និងស្ងប់ស្ងាត់ល្អ ពិសេសបានបង្ហាញនូវការស្រឡាញ់ ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជន ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនាអាណត្តិខាងមុខ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕