(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានបង្ហាញនូវក្ដីសប្បាយរីករាយនៅពេលឃើញនាយកវិទ្យាល័យ គ្រូបង្រៀន និងសិស្សានុសិស្ស ចេញមកអបអរសាទរយ៉ាងកក់ក្ដី ចំពោះការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក រ័ត្ន ស្រ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា ឆ្លងកាត់វិទ្យាល័យបាក់ទូក ជាសាលាដែលខ្ញុំធ្លាប់រៀននៅទីនេះ កាលពីទសវត្សឆ្នាំ១៩៨០ បានឃើញនាយកវិទ្យាល័យ គ្រូបង្រៀន សិស្សានុសិស្ស អបអរសាទរគាំទ្រយ៉ាងកក់ក្តៅចំពោះគណបក្សប្រជាជនកម្ពុជា អមជាមួយឧបករណ៍តន្ត្រីលាយឡំការរាំរែកយ៉ាងសប្បាយរីករាយ ខ្ញុំក៏មានអារម្មណ៍រំភើបនិងសប្បាយជាមួយពួកគាត់យ៉ាងក្រៃលែង។
ជានាយក ជាគ្រូបង្រៀន ជាសិស្សសាលា ក៏ជាប្រជាពលរដ្ឋខ្មែរ ជាកូនពុកម៉ែរួមជាតិខ្មែរ រៀនអក្សរខ្មែរ ក្នុងសាលាខ្មែរ ក្រោមគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ សូមពុកម៉ែ បងប្អូន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នាកុំបីខាន»៕