(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងលោកស្រី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក-សមាជិការចូលរួមប្រមាណ ៧០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្នាក់ការគណបក្សស្រុកអូរាំងឪ។

បន្ទាប់ពីកម្មវិធីបិទ លោក អ៊ាង សុផល្លែត និងលោកស្រី បានដឹកនាំសមាជិក-សមាជិកា ក្បួនថ្មើរជើងពីស្នាក់ការគណបក្សស្រុកឆ្ពោះទៅ ផ្សារអូររាំងឪ និង បណ្តាឃុំទាំង៧ នៃស្រុកអូររាំងឪ បានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

សកម្មជន ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលរួមហែក្បួនបិទយុទ្ធនាការយ៉ាងផុលផុសប្រកបដោយជំនឿជឿជាក់យ៉ាងមុតមាំ លើគណបក្សប្រជាជនកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំលើជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតក្នុងអាណត្តិទី៧នេះ៕