(កំពង់ឆ្នាំង)៖ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក ឈឹម សៅគី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សំរិត សាត និងលោក ហេង ការ៉ូ អនុប្រធានលោក ឈឹម ទីម ប្រធានក្រុមការងារថ្នាក់ខេត្ត លោក ឈួន ចាន់ណា ប្រធានគណបក្សស្រុកសាមគ្គីមានជ័យ រួមជាមួយលោក លោកស្រីក្រុមការងារគ្រប់ថ្នាក់ចុះជួយឃុំ បានដឹកនាំក្រុមការងារ និងសមាជិក ជិត៥០០នាក់ ដង្ហែក្បួននាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការដង្ហែក្បួននេះដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ព្រមទាំងបានអំពាវនាវសមាជិកគណបក្ស និងប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

បន្ទាប់មកក្រុមការងារបានទទួលទានអាហារសាមគ្គីក្រោមការឧបត្ថម្ភរបស់លោក ឈឹម សៅគី ប្រធានក្រុមការងារ ប្រកបដោយស្នាមញញឹម ស្និទ្ធស្នាល និងភាតរភាព ហើយបានត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕