(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន អរគុណ កោតសសើរដល់គ្រប់ផ្នែក នៃក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពិនិត្យរាល់សំណើ សំណូមពរ ដោះស្រាយបញ្ហា ផ្តល់សេវាជូនប្រជាជនយ៉ាងមានប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ថែមដោយបានណែនាំដល់ភ្នាក់ងារគណបក្សសង្កេតការណ៍ទាំងអស់ ត្រូវប្រតិបត្តិការងារតាមតួនាទី ភារកិច្ច ក្លាហាន ភក្តីភាព ការពារប្រយោជន៍ជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកបានថ្លែងដោយសុទិដ្ឋិនិយមថា សមាជិកភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោត និងជាសមាជិកគណបក្សទាំងអស់រក្សាសាមគ្គីភាព មានសេចក្តីក្លាហានកាន់តែរឹងមាំ និងទទួលយកទៅអនុវត្តនូវស្មារតីនៃការណែនាំនេះ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ និងសម្រេចឲ្យបានជោគជ័យទាំង៦អាសនៈ សម្រាប់ខេត្តបន្ទាយមានជ័យ៕