(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពី ៦៥ប្រទេស និងស្ថាប័ន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមនៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។
កិច្ចប្រជុំផ្ដល់ព័ត៌មាន ស្ដីពីដំណើរការរៀបចំការបោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយ លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប, លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារស្វាគមន៍ចំពោះ ភ្នាក់ងារបរទេស៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាប័ន ដែលបាននិងកំពុងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅកម្ពុជា ឆ្នាំ២០២៣នេះ។ សម្តេចក៏សូមថ្លែងអំណរគុណផងដែរចំពោះ ប្រធានសភា ប្រទេសម៉ាឡេស៉ី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្តេចបានថ្លែងអំណរគុណ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕