(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សនយោបាយ ដែលមានចិត្តគួរតែរួមគ្នាធ្វើ កសាងប្រទេសជាតិ ទោះតិចក្តីច្រើនក្តី ជាជាងដើរតែរិះគន់ ដើរសន្យា ព្រោះប្រជាពលរដ្ឋ បានបោះឆ្នោតជូន ដើម្បីឲ្យអភិវឌ្ឍរួមគ្នា ដើម្បីបម្រើប្រជាជន។ ជាក់ស្តែងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការកសាងប្រទេសជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈចូលរួម នៅក្នុងពិធីសម្ពោធក្លោងទ្វា របង ផ្លូវបេតុង និងសម្ពោធសមិទ្ធិផលនានា នៅវត្តសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ថ្ងៃទី ៣០ កក្កដា ២០១៦។
ក្រៅពីការលើកឡើងនេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពី ការកសាងសមិទ្ធិផលថ្មីៗនៅទីនេះ មិនមែនសម្រាប់តែប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវប៉ុណ្ណោះទេ ប៉ុន្តែកសាងសម្រាប់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ លោកបានបន្តថា សិស្ស និស្សិត យុវជន មានឱកាសរៀនសូត្រ ធ្វើការងារអាចជួយដល់ខ្លួនឯង គ្រួសារដោយសារនរណា? សម្តេចតេជោ ហ៊ុន សែន បានខិតខំស្នើឲ្យ បរទេសផ្តល់ជំនួយ និងទទួលយក នូវផលិតផលរបស់កម្ពុជា ផ្ទុយពីប្រធានគណបក្សប្រឆាំង បានស្នើឲ្យសហគមអឺរ៉ុប ឈប់ទទួលការនាំចូលផលិតផលកាត់ដេររបស់កម្ពុជា នេះគឺជាការបំបែក ឆ្នាំងបាយ របស់ បងប្អូនកម្មករ។
លោក ហ៊ុន ម៉ាណែត បានក្រើនរំលឹកឲ្យដឹងថា ក្នុងនាមជាខ្មែរតែមួយត្រូវជួយគ្នាកសាងសមិទ្ធិផល និងអភិវឌ្ឍប្រទេសជាតិ ឲ្យបានថ្កុំថ្កើនដែលជាមោទនភាពទាំងអស់គ្នា។ ដើម្បីឲ្យការកសាងនេះបានរីកចម្រើន សូមបងសូមបងប្អូនជឿទុកចិត្ត និងគាំទ្រប្រមុខ រាជរដ្ឋាភិបាលដឹកនាំប្រទេសនិងសូមចូលរួមទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ប្រមុខដឹកនាំប្រទេសដែលមានការទទួលខុសត្រូវគឺបានដឹកនាំគេបំផុតនៅគ្រប់កាលៈទេសៈ និងបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដឹងសុខដឹងទុកប្រជាពលរដ្ឋ មិនដែលរត់ចោល ប្រជាពលរដ្ឋម្តងណាឡើយ ព្រមទាំងរក្សា សន្តិភាព សម្រាប់យើងទាំអស់គ្នា៕