(កណ្តាល)៖ ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល ដែលដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា ,បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងលោកបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល ដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល និងក្រុមការងារយុវជនភូមិ-ឃុំ-ស្រុក ប្រមាណ៣៥០០នាក់។
ការហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបញ្ចប់នេះ មានការហែក្បួនព្យុះហយាត្រា មានរថយន្ត និងម៉ូតូរាប់រយគ្រឿង អមដោយរថយន្ដតន្រ្តី និងការស្រែកជ័យឃោសតាមដងផ្លូវក្នុងភូមិ-ឃុំទាំង១២ នៃស្រុកខ្សាច់កណ្តាល ដោយរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។
ថ្លែងក្នុងពិធីបិទនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល លោក ឈៀង យ៉ាណារ៉ា បានថ្លែងកោតសរសើ រនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាបក្សទាំងអស់ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងច្រើនកុះករ យ៉ាងសស្រាក់សស្រាំ ដោយគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ គជប យ៉ាងខ្ជាប់ខ្ជួន និងសីលធម៌ល្អ។
ព្រមជាមួយគ្នានេះ លោកបានជម្រាប់សមាជិកសមាជិកាបន្ថែម អំពីគោលនយោបាយ ជាពិសេសកម្មវិធីជាអាទិភាព ៦ ចំណុច ដែលត្រូវអនុវត្តបន្ទាន់នៅពេលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ដើម្បីដោះស្រាយជីវភាព និងសុខមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តអនុវត្តចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងពេលជាមួយគ្នានេះដែរ លោកបានអំពាវនាវឱ្យសមាជិកទាំងអស់ទៅបោះឆ្នោះគ្រប់ៗគ្នានៅថ្ងៃទី២៣ កក្កដា ជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងពេលដង្ហែក្បួនឃោសនា ឃោសនិកនៅក្នុងរថយន្ត រួមទាំងលោកបណ្ឌិត កៅ ថាច ដែលឈរលើរថយន្ត ដៃកាន់ឧបករណ៍បំពងសំឡេង បានអំពាវនាវឱ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបទេវតាបាចផ្កានៅលើសន្លឹកឆ្នោត ជាសម្គាល់ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
បន្ថែមលើនេះ ក៏មានការស្រែកជ័យឃោស ជយោសន្តិភាព រួមទាំងពាក្យស្លោកជាច្រើនទៀត ដូចជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីសន្តិភាពនិងការអភិវឌ្ឍ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែធូរធារទ្វេឡើង, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង, មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ល។
សូមបញ្ជាក់ថា ការដង្ហែក្បួនឃោសនានេះ បានចេញពីទីស្នាក់ការបក្សស្រុកទៅផ្លូវជាតិលេខ៨ ឆ្ពោះទៅកាន់ឃុំស៊ី ឃុំកំពង់ចម្លង បន្តទៅឃុំជ័យធំ ឃុំរកាជន្លឹង រួចចេញទៅផ្លូវជាតិលេខ៨ ឆ្ពោះទៅឃុំតាឯក ហើយត្រឡប់មកទីស្នាក់ការបក្សស្រុកវិញ ដោយបានឆ្លងកាត់ស្ទើរគ្រប់ឃុំទាំងអស់នៃស្រុកខ្សាច់កណ្តាល។ ក្បួនដង្ហែ គឺត្រូវបានប្រជាជននៅក្នុងភូមិ-ឃុំ និងសមាជិកសមាជិកាប្រចាំការនៅតាមមណ្ឌលសកម្មភាពភូមិ-ឃុំ ចេញមកគាំទ្រ អបអរសាទរ និងទទួលស្វាគមន៍យ៉ាងច្រើនកុះករ ដោយស្នាមញញឹម ប្រកបដោយមនោសញ្ចេតនាស្រឡាញ់គាំទ្រយ៉ាងខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានសម្លេងស្រែកគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ និងគាំទ្រឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគតយ៉ាងកងរំពង៕