(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំលោកស្រី ជាអនុប្រធានកិត្តិយស ប្រធាន និងអនុប្រធាន សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់សាខា និងអនុសាខាជាច្រើន អញ្ជើញទៅកាន់វត្តកែវវិជ័យ គឺជាវត្តព្រះមេគណខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយនាំយកទៀនព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម បច្ច័យកសាង១លាន៧០ម៉ឺនរៀល ក្រៅពីនោះគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា។
លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីបុណ្យសាសនារបស់ខ្មែរយើង ដែលមានតាំងពីដូនតា នៃបុព្វបុរសនោះ គឺបុណ្យចូលព្រះវស្សា ចាប់គិតពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលមានរយៈពេល៣ខែ ដែលស្ថិតនៅក្នុងរដូវវស្សា ភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ស្ថិតក្នុងកាលៈទេសៈបែបនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទ កាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកតម្កល់ចិត្ត មានសទ្ធាជ្រះថ្លានោះបានឯកភាពគ្នា និងដឹកនាំប្រតិភូនាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃវត្តកែវវិជ័យ គឺជាវត្តព្រះមេគណខេត្តនាពេលនេះ។
លោកស្រីបានលើកឡើងថា ក្នុងអំឡុងពេលដែលព្រះសង្ឃគ្រប់បណ្តាវត្តអារាម មិននិមន្តចេញក្រៅវត្តបាន គឺមានតែខិតខំសិក្សារៀនសូត្រនូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅ ដល់មនុស្សគ្រប់ៗរូប ឲ្យកសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ នាំមកនូវសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ លោកស្រីបានរំលឹកថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ជានិច្ចកាលបងប្អូននារីយើង ជាភរិយាថ្នាក់ដឹកនាំ ជាអាជីវករ និងជាមន្ត្រីរាជការទាំងថ្នាក់សាខា អនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយស្មោះស្ម័គ្រជាក់ស្តែងពេលថ្មីៗនេះ បាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ៣វត្ត គឺវត្តគិរីបរវង្ស វត្តកែវសុវណ្ណ វត្តហង្សាបិតិ (វត្តព្រែកស្តី) និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រួចមកហើយ។
លោកស្រី អាំង សុជាតា ខូយរីដា បានលើកឡើងទៀតថា សមាគមនារីដែលបង្កើតឡើងមកនេះ តែងតែចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើងនិងមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ តាមរយៈនេះលោកស្រី សូមបួងសួង និងឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា របស់លោកស្រី បានទៅដល់អ្នកមានគុណ និងញាតិការទាំងប្រាំពីសន្តានគ្រប់ៗគ្នា។
សូមជម្រាបជូនថា នាថ្ងៃដដែលនោះ ប្រតិភូបានអញ្ជើញទៅកាន់វត្តពាលញែក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយប្រគេន ចង្ហាន់ និងចូលរួមកសាងសមិទ្ធផលមួយចំនួន ក្នុងវត្តផងដែរ៕