(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំអន្សាចំបក់ ប្រមាណជាង១ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាព ឆ្នាំ២០២៣ ចាប់ពីចំណុចស្នាក់ការគណបក្សឃុំ រហូតដល់ទីស្នាក់ការគណបក្សស្រុកក្រគរ។

ពិធីនេះបានការចូលរួមពី កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនី ដែលមានឈ្មោះបោះសម្លេង ក្នុងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មល្បីៗមួយចំនួនទៀត។

ជាមួយគ្នានោះ គេសង្កេតឃើញមានការចាប់អារម្មណ៍ខ្ពស់ ចំពោះតារាចម្រៀង និងសិល្បៈករ សិល្បៈការិនីដែលបានចូលរួម ពិសេសយុវជនគណបក្សម្នាក់ ដែលបានប្រើប្រាស់មធ្យោបាយ «សេះ» ក្នុងការចូលរួមដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឯឃុំអន្សាចំបក់ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាក្នុងភូមិសាស្ត្រ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទូទាំងខេត្តពោធិ៍សាត់ មានគណបក្សនយោបាយចំនួន១១ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៣០០,៣២៨នាក់, មានការិយាល័យបោះឆ្នោត ចំនួន៧៤៤ការិយាល័យ, អ្នកសង្កេតការណ៍ជាតិ មាន១៦ស្ថាប័ន ចំនួន១៤២៩នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ មានចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ។

សម្រាប់ស្ថានភាពទូទៅ ក្នុងរយៈពេលល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទាំងផ្នែកសន្តិសុខ សុវត្ថិភាព ឥរិយាបថ ក្រមសីលធម៌ របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕