(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២,៨៨០នាក់ នៅស្រុកប្រាសាទសំបូរ ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសំេឡេងឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

នាឱកាសនោះដែរ លោក ឃឹង នុភាព បានលើកឡើងថា ពិធីបីិទយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឡើងទូទាំងស្រុក ដែលសមាជិកគណបក្យប្រជាជនកម្ពុជាជិត ៣០០០នាក់ មកពីឃុំចំនួន៥ ដោយចេញដំណើររួមគ្នាទៅកាន់ឃុំរបស់ខ្លួនដែលកំពុងតែរង់ចាំដើម្បីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

លោកបានបន្តថា ការរៀបចំដង្ហែក្បួននៅទីប្រជុំជនក្នុងឃុំរៀងៗខ្លួន ដោយប្រមូលផ្តុំសមាជិកយកពីភូមិរបស់ខ្លួន ហើយក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តិទៅតាមឃុំរបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដ តូច ធំ ម៉ូតូ ជាច្រើនគ្រឿងដោយមានការលាយឡំសំឡេងឃោសនសព្វ និងសម្រែកឃោសនាផងដែរ។

លោក ឃឹង នុភាព ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ។