(ភ្នំពេញ)៖ ៤៥ឆ្នាំ ដើរលើមាគ៌ាផ្តួលរំលំរបបប្រល័យពូជសាសន៍ ដោយជ្រកក្រោមបុព្វហេតុជាតិ មាតុភូមិ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការសម្រេចចិត្តជ្រើសរើសយកឆាកជីវិតដើរតាមសម្ដេចតេជោ ហ៊ុន សែន ដោយយកភាពស្មោះត្រង់ជាកម្លាំងចិត្ត ការលះបង់គ្រប់បែបយ៉ាងជាអាវុធ និងសាច់ស្រស់ឈាមស្រស់ជាដើមទុន។
នៅក្រោមទស្សនវិស័យ ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាបនាយឧត្តមសេនីយ៍ សៅ សុខា បានរួមចំណែកយ៉ាងពេញទំហឹង លើការកសាងសន្តិភាព ស្ថិរភាព ក្នុងរបត់ប្រវត្តិសាស្ត្រនយោបាយកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ មកទល់នឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ មានរយៈពេល៤៥ឆ្នាំគត់។
កើតនៅខែវិច្ឆិកា ឆ្នាំ១៩៦១ លោក សៅ សុខា មានទីកំណើតស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមានឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ រួមទាំងមានបងប្អូនបង្កើតចំនួន៥នាក់ (លោកជាកូនច្បង)។ ប៉ុន្តែជាអកុសល ទាំងម្ដាយឪពុក ប្អូនៗ៣នាក់របស់លោក បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងប្អូនស្រី១នាក់ ស្លាប់ដោយជំងឺនៅឆ្នាំ១៩៧២ ដែលធ្វើឲ្យលោក សៅ សុខា ព្រាត់ប្រាសដោយសេចក្តីរន្ធត់ សោកសង្រេង ក្លាយជាកូនកំព្រារស់នៅតែម្នាក់ឯង។
នៅអំឡុងខែកក្កដា ឆ្នាំ១៩៧៨ ក្នុងវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ លោកបានចូលបម្រើក្នុងជួរកងទ័ព ដែលជា អ្នកនាំសារនៅគណៈបញ្ជាការ «៥៧៨»។ ក្នុងនាមជាយុទ្ធជននាសម័យសង្គ្រាម លោកបានទទួលកិច្ចការជាបន្តបន្ទាប់ ជាអាទិ៍ នៅចន្លោះឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ ជាប្រធាន កងអនុសេនាតូច ហើយក្រោយ មកឡើងជាប្រធានកងអនុសេនាធំ នៃវរសេនាតូចលេខ១០ និងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ លោកធ្វើជាជំនួយការយុវជននៃកងពលលេខ១។
ប្រវត្តិនៃការសិក្សាវិញ នៅអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៣ លោក សៅ សុខា ត្រូវបានចាត់តាំងទៅបណ្ដុះបណ្តាលវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៅប្រទេសវៀតណាម លុះដល់ឆ្នាំ១៩៨៥ ក៏ត្រូវបានបញ្ជូនទៅសិក្សាបន្តនៅប្រទេសសហភាពសូវៀត វគ្គបណ្តុះបណ្ដាលវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ រយៈពេល២ឆ្នាំទៀត។
រីឯមុខដំណែង នៅឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព នៃស្នងការចាត់តាំង អគ្គស្នងការនយោបាយ, ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩១ ជាអនុស្នងការចាត់តាំងនៃអគ្គស្នងការនយោបាយ, ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ប្រធានក្រុមយោធចម្រុះភាគីកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ, ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅឆ្នាំ១៩៩៩ ឧត្តមសេនីយ៍ត្រី សៅ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានដំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ និងតែងតាំងមុខដំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានញាំងឲ្យកងរាជអាវុធហត្ថមានការអភិវឌ្ឍ មិនឈប់ឈរមកជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចការរួមចំណែកការពារបូរណភាពទឹកដី ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្រោមអគ្គមគ្គុទេស នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។
ជាមួយស្មារតីស្នេហាជាតិ និងមោះមុតចំពោះភារកិច្ចចាត់តាំងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ បោះជំហានទៅលើកំណែទម្រង់ថ្មី ដោយស្របនឹងគោលនយោបាល កងយោធពលខេមរភូមិន្ទ និងយុទ្ធសាស្ត្រចតុកោណ ក្នុងបុព្វហេតុលើកកម្ពស់សមត្ថភាពស្ថាប័ន សមត្ថភាពបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ ឧបករណ៍ សម្ភារៈ និងសំខាន់បំផុត ទទួលបានការជឿជាក់ក្នុងចំណោមប្រជាពលរដ្ឋពីទីក្រុង ដល់ជនបទ ព្រមទាំងមានជំនឿពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏ជានិមិត្តរូបយ៉ាងម៉ឺងម៉ាត់ សម្រាប់យុទ្ធនាការដៃដែកបង្ក្រាបការរុករានបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះពេលដែលមានគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។ ជាមួយគ្នានោះបានចូលរួមលើកកម្ពស់សិល្បៈ វប្បធម៌ កីឡា និងស្មារតី នៃសកម្មភាពសប្បុរសធម៌ ចូលរួមចំណែកកិច្ចការសង្គម។ល។
នៅក្នុងបទសម្ភាសមួយថ្មីៗនេះ នាយឧត្តមសេនីយ៍បានលើកឡើងថា ជីវិត និងការស្លាប់មិនមានអ្វីត្រូវភ័យខ្លាចទេ តែសួរថាតើអ្នកបានធ្វើអ្វីខ្លះហើយដើម្បីជាតិ? បុរសវ័យ៦២ឆ្នាំ បានប្រកាន់ខ្ជាប់ខ្ជួនលើទស្សនព្រះពុទ្ធ គឺព្រហ្មវិហាធម៌បួនប្រការ៖ «មេត្តា» សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឲ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។ «ករុណា» សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឲ្យពួកគេឆាប់រួចចាកសេចក្តីទុក្ខនោះ។ «មុទិតា» សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន និង «ឧបេក្ខា» ការតាំងសន្តានចិត្តជាកណ្ដាល (មិនលំអៀង) កាត់សេចក្តីដោយប្រើប្រាជ្ញា លោករមែងជាម្លប់ដ៏សុខដុម នៃកងកម្លាំងស្នូល ដែលជាចលករការពារសំខាន់របស់ជាតិ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាក់បទបញ្ជាឲ្យមេបញ្ជាការតាមអង្គភាព និងរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយនិងដោះស្រាយទុក្ខលំបាក សរសើរលើកទឹកចិត្ត។
នាយឧត្តមសេនីយ័សៅ សុខា ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងអាយុជីវិត មួយឆាកជីវិតដើម្បីកងកម្លាំងស្មោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕