(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល គណបក្សប្រជាជនកម្ពុជា ចុះជួបស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារជនបង្គោល និងយុវជនគណបក្ស ចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងអាជីវករនៅផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ការចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក៏មានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ លោក ម៉ា ឈឿន បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាមផងដែរ។
ការចូលរួមហែក្បួនយុទ្ធនាការ នាពេលនេះ បានបង្ហាញនូវឆន្ទៈគាំទ្រ ចូលរួមរាល់សកម្មភាពគណបក្ស និងគោលជំហរស្មោះស្ម័គ្ររបស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបានបង្ហាញនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តសកម្មភាពគោលនយោបាយគណបក្ស នៅក្នុងមូលដ្ឋាន និងដើម្បីកំណត់បាននូវប្រៀបឈ្នះជាមុន របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឱ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះលោកបណ្ឌិត ម៉ឹង មករា ក៏បានដឹកនាំក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរតាមខ្នងផ្ទះ ព្រមទាំងអាជីវករនៅផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយគណបក្ស ជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ថែមទាំងបានលើកទឹកចិត្ត និងស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិត្តទី៧ និងគាំទ្រ បក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។
លោកបណ្ឌិតប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕