(បាត់ដំបង)៖ លោក ឡាំ ជា អនុប្រធានទី១ គណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តំណាងលោក ប៊ុន ហុន ប្រធានក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងយុទ្ធនាការនេះក៏មានការចូលរួមពីសំណាក់លោកបណ្ឌិត ស្រេង វង្សហៀង អនុប្រធានក្រុមការងារចុះជួយស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះផុស, លោកស្រីបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ រួមទាំងអនុប្រធានក្រុមការងារ សមាជិក សមាជិកា រួមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ឡាំ ជា បានសម្តែងក្តីមោទនចំពោះការចូលរួមយ៉ាងសកម្មសមាជិក សមាជិកា ក្នុងការឃោសនារកសំឡេងឆ្នោះរយៈពេល ២០ថ្ងៃកន្លងមកនេះ ហើយថ្ងៃនេះគឺជាថ្ងៃទី២១ និងជាថ្ងៃត្រូវបិទបញ្ចប់យុទ្ធនាការ។

អនុប្រធានក្រុមការងារ បានកត់សម្គាល់អំពីសកម្មភាពដ៏ល្អកន្លងមក របស់ក្រុមការងារតាមបណ្ដាឃុំ បានខិតខំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះអាយុជីវិតប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាមួយនេះ លោក ឡាំ ជា បានអំពាវនាវទៅប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ និងដើម្បីបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕