(កំពង់ធំ)៖ លោក ថា យ៉ាវ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពីធីបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកាចូលរួមជិត៨,០០០នាក់ មកពីឃុំចំនួន១២ ក្នុងស្រុកស្ទោង ដែលបានដង្ហែរក្បួនចេញពីបណ្ដាឃុំនានាមកជួបជុំនៅកែងកូល ស្ថិតនៅក្នុងភូមិកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោក ថា យ៉ាវ បានឲ្យដឹងថា ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅពេលនេះគណបក្សប្រជាជនកម្ពុជា បានប្រកាសនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។

លោកបានបន្ថែមថា ទាំងនេះគឺជាសមិទ្ធផលនៃសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា បានបង្កើតឡើង និងផ្ដល់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិកម្ពុជាទាំងមូលក្នុងការ ឈានទៅដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចុះជួយគ្រប់មូលដ្ឋានក្នុងឃុំទាំងអស់ក្នុងស្រុកស្ទោង ក៏ដូចជាសមាជិក សមាជិកាឃោសនិក នៅតាមបណ្ដាឃុំនានា ដែលបានធ្វើយុទ្ធនាការយ៉ាងសកម្ម ដើម្បីឈានទៅរកជោគជ័យដ៏ពិតប្រាកដជូនគណបក្សប្រជាជនកម្ពុជា។ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងពេលនេះ គឺដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក៏ដូចជាការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការបន្តដឹកនាំប្រទេសជាតិក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

លោក ថា យ៉ាវ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានស្រុកស្ទោង សូមអញ្ជើញត្រៀមឯកសារពាក់ព័ន្ធ និងចេញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា៕