(កណ្តាល)៖ «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការ នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ នៅទូទាំងប្រទេសកម្ពុជា»។ ទាំងនេះត្រូវបានលោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ ក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ។

លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ និងមន្ត្រីគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំគោកត្រប់ និងឃុំត្រពាំងវែងទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម យកអស់កម្លាំងកាយចិត្ត ចុះឃោសនា គ្រប់រូបភាព ក្នុងរយៈពេល ២១ថ្ងៃនេះ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៣-២០២៨ ដល់ប្រជា-ពលរដ្ឋ ដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ក្រមសីធម៌ និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ម៉ម ប៊ុននាង បានបញ្ជាក់ជាថ្មីថា ប្រទេសជាតិយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ! ប៉ុន្តែជាសមិទ្ធផលដែលកើតចេញពីឧត្តមគតិស្នេហាជាតិ និងប្រជាជន, ហ៊ានធ្វើពលីកម្មឥតរុញរា របស់មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាស់វៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គមកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់ខ្លួនជាមួយនឹងជោគវាសនារបស់ប្រជាជាតិកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស បានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ឱ្យរស់ឡើងវិញ ឈានមកដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរមុខមាត់ដែលពុំអាច គិតស្មានដល់, ដឹកនាំប្រជាជនប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ពង្រឹងបានខឿនការពារសុខភាពរបស់ប្រជាជន រក្សាបានលំនឹងសេដ្ឋកិច្ច សង្គម និងការឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ, ការពាររឹងមាំឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមបានល្អ, និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើង។

លោក ម៉ម ប៊ុននាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ មានលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នាកុំបីខាន។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិបន្តទៀត។ គណបក្សប្រជាជនកម្ពុជា ឈ្មះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្មះ។

បន្ទាប់ពីការប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមក លោក ម៉ម ប៊ុននាង បានអញ្ជើញដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត តាមបណ្តាភូមិ ឃុំ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ១០:០០យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ៕