(រតនគិរី)៖ លោក វ៉ាន់ សោភា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ើនសៃ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២,៧៧៦នាក់ មធ្យោបាយរថយន្តចំនួន៨២គ្រឿង និងម៉ូតូ១,១៧៩គ្រឿង ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកវ៉ើនសៃ ខេត្តរតនគិរី នាឱកាសនោះមានការចូលរួមពីលោក លោកស្រីអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកវ៉ើនសៃ,លោក ហេង សាវឿន ប្រធានគណបក្សស្រុកវ៉ើនសៃ, ក្រុមការងារគណបក្សស្រុកចុះជួយឃុំទាំង៩ និងសមាជិក សមាជិកាចំនួន២,៧៧៦នាក់។

លោក វ៉ាន់ សោភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃ នៅតាមភូមិនីមួយៗ ក្នុងរយៈពេល២០ថ្ងៃកន្លងមក។ ព្រមទាំងបានរៀបចំការដង្ហែក្បួនឃោសនាបោះឆ្នោតធំៗ ចំនួន៣លើករួចមកហើយ ដោយទទួលបានជោគជ័យ មានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។

លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗ។

លោកថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាពថែរក្សា បានសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត ដូច្នេះសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុ ជានិងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕