(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៥,០០០នាក់ ដង្ហែរក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្រុងសំរោង។
ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារខេត្តចុះជួយក្រុងសំរោង ចុះជួយសង្កាត់ លោកប្រធាន អនុប្រធាន គណបក្សក្រុង សង្កាត់ ភូមិ និងសមាជិក សមាជិកា គណបក្សប្រជាជនសរុបចំនួន៥,០០០នាក់។
លោក ប៉ែន កុសល្យ បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋទូទាំងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត៕