(កែប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបក្ស គ្រប់ថ្នាក់ទូទាំងខេត្តកែប និងប្រកាសសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីការតែងតាំងមន្ត្រីគណបក្សខេត្ត នៅសាលប្រជុំគណបក្សខេត្ត កែប ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៦ ។
អង្គប្រជុំបានដំណើរការ តាមរបៀបវីរៈដូចខាងក្រោម អានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស្តីពី ការតែងតាំងមន្ត្រីគណបក្សខេត្ត -សេចក្តីសម្រេចស្តី ពីការតែងតាំង និងកែសម្រួលភារកិច្ចមន្ត្រីគណបក្ស របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មធិការ គណបក្សខេត្ត -សេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងក្រុមការងារចុះជួយ ភូមិ ស្រុក និងការស្តាប់របាយការណ៌ របស់លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មការគណបក្សខេត្តស្តីពី លទ្ធផល សកម្មភាពការងារ សំណូមពរ ដំណោះស្រាយ និងបញ្ហាប្រឈមគ្រប់វិស័យទូទាំងខេត្ត ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរដល់អាជ្ញាធរខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង រួមជាពិសេសលើការងារធ្វើអត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែឯកឧត្តមក៏បានជម្រុញ ឲ្យមានការខិតខំបន្ថែម ដោយដាស់តឿនដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ សូមរូតរះទៅធ្វើឲ្យបានគ្រប់ៗគ្នា ពីព្រោះ បើគ្មានអត្តសញ្ញាណប័ណ្ណ ពួកគាត់មិនអាចចូលរួមបោះឆ្នោតបានទេ និងចាំថាចាប់ពីថ្ងៃទី០១ ខែ កញ្ញា ទៅ គ ជ ប និងចាប់ផ្តើមចុះឈ្មោះ បោះឆ្នោតហើយ ។
ក្រៅពីនោះ លោកទេសរដ្ឋន្ត្រី បានណែនាំការងារជាក់ស្តែងមួយចំនួន ដើម្បីត្រៀមយុទ្ធនាការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១៧ ខាងមុខ ដូចជាៈ
-ការធ្វើប៉ាណូ និងស្លាកគណបក្សថ្មីៗ និងគ្រប់ទីតាំង
-ការសម្អាត និងលាបថ្នាំទីស្នាក់ការគណបក្សគ្រប់លំដាប់ថ្នាក់
-ការស្វែងរកទីតាំង ដើម្បីសង់ទីស្នាក់ការគណបក្សភូមិ ឲ្យបានគ្រប់ទាំង១៨ ភូមិ
-ការយកចិត្តទុកដាក់ដល់កំលាំងយុវជន តាមរយៈការបណ្តុះបណ្តាលជំនាញកំព្យូទ័រ ភាសា និងបណ្តុះគំនិតការលេងកីឡាដើម្បីសុខភាព និងសាមគ្គីភាពជាដើម ។
ចំពោះ បេក្ខជន ដែលត្រូវត្រៀមឈរឈ្មោះ ឲ្យគេបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យបន្តធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដែលជាប្រពៃណី របស់គណបក្សប្រជាជនកម្ពុជា
-បម្រើសេវាសាធារណៈ ឲ្យបានកាន់តែប្រសើរ
-ចុះជាប់ និងកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៌ ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតក្រុម ប្រឹក្សា ឃុំសង្កាត់នៅខេត្តកែប ឆ្នាំ ២០១៧ ខាងមុខ គណបក្សប្រជាជនកម្ពុជាទទួលបានសំលេង គាំទ្រ ១០០%ដូច កាលឆ្នាំ២០១២ គឺ៣១ លើ ៣១ អាសនៈ ។
ស្ថិតក្នុងឱកាសនោះ ដោយការយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសកំលាំងយុវជន ក្នុងភូមិ លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានឧបត្ថម្ភ កំព្យូទ័រមួយកំប្លេ សរុបចំនួន ៣៧ គ្រឿង សម្រាប់បំពាក់ ក្នុងទីស្នាក់ការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ដោយទទួលបានចំនួន០៥ គ្រឿង ក្នុងមួយទីស្នាក់ការ។ ដោយឡែកទីស្នាក់ការកណ្តាលគណបក្សខេត្ត ឧបត្ថម្ភ កំព្យូទ័រចំនួន០២ គ្រឿង ម៉ាស៊ីនថតចម្លង០១គ្រឿង និងក្រដាសរ៉ាម ចំនួន ១០០ រ៉ាម ។ ក្នុងនោះ ទីស្នាក់ការគណបក្សភូមិ លោកក៏ត្រៀមឧបត្ថម្ភដូចគ្នា នេះដែរ៕
គួរបញ្ជាក់ផងដែរថា នៅខេត្តកែប នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែប្រួលមុខមាត់យ៉ាងឆាប់រហ័ស ដោយមានការអភិវឌ្ឍន៍ស្ទើរគ្រប់ទីកន្លែងទូទាំងខេត្ត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ) ការបម្រើសេវាទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម ដែលកត្តាទាំងអស់នេះ បានធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកែបទាំងមូលទទួលបាននូវការរីកចម្រើនគួរអោយកត់សម្គាល់។