(ភ្នំពេញ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មាធិការនាយក​គណបក្សភ្លើងទៀន បានចេញមកច្រានចោលការអះអាងរបស់លោក អុំ សំអាន ដោយចោទថា ការចាប់ខ្លួនលោក អេង ស្រូយ​ និងលោកស្រី វង រុន្នី ដើម្បីបង្ខំឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា។

​លោក ម៉ៃ ហុងស្រៀង បានថ្លែងបញ្ជាក់បែបនេះ ឆ្លើយនឹងការលើកឡើងរបស់លោក អុំ សំអាន អតីតតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ ដែលបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ថា ការចាប់ខ្លួនលោក អេង ស្រូយ​ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងលោកស្រី វង រុន្នី ប្រធានចលនាស្រ្តីថ្នាក់ជាតិរបស់គណបក្សភ្លើងទៀន​ គឺដើម្បីបង្ខិតបង្ខំឱ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានរៀបចំព្រាង លិខិតចុះចូលឱ្យរួចជាស្រេច។

តាមរយៈការឡាយផ្ទាល់នៅលើបណ្តាញសង្គម​របស់ខ្លួន​ នៅវេលាម៉ោង៩ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ៃ ហុងស្រៀង បានអះអាងថា ​គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពុំដែលបានធ្វើលិខិតបង្ខំឱ្យនរណាម្នាក់ រួមទាំងលោកស្រី វង រុន្នី ​ប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន ចុះចូលនោះទេ មិនដូចអ្វីដែល​លោក អុំ សំអាន លើកឡើងឡើយ។

ការចាប់ខ្លួន​បុគ្គលទាំងពីរនាក់ខាងលើនេះលោក ម៉ៃ ហុងស្រៀង លើកឡើងថា គឺធ្វើឡើងតាមដីការរបស់តុលាការ ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងន់សន្តិសុខសង្គម ពោលគឺធ្វើឡើងដោយមានហេតុផលត្រឹមត្រូវ មិនមែនចាប់ខ្លួនតាមចិត្តនោះទេ។

សូមបញ្ជាក់ថា ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងប្រធានចលនាស្ដ្រីថ្នាក់ជាតិ គណបក្សភ្លើងទៀន ត្រូវបានលោកស្រី យី សុខវួច ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ តាមអំណាចដីការបស់តុលាការ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។

យោងតាមមាត្រា១៤២ថ្មី ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបានចែងថា ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬឲ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះ ត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕