(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះពង្រឹងមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំខ្នាឆ្មារ និងធ្លកវៀន បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសភាតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឃុំធ្លកវៀន និងឃុំខ្នាឆ្មារ។
ការដង្ហែក្បួននេះបានប្រារព្ធឡើងចំនួន ២ឃុំរួមគ្នា គឺចាប់ផ្តើមពីឃុំធ្លកវៀន ដោយមានសមាជិក សមាជិកាចំនួនជិត១ពាន់នាក់ចូលរួម ក្រោមបរិយាកាសអធិកអធម និងភ្លៀងរលឹមផងដែរ។ បន្ទាប់ពីដង្ហែក្បួនរួច ក្រុមការងារគណបក្សទាំងពីរឃុំ បានបន្តជួបជុំគ្នានៅទីស្នាក់គណបក្សរៀងៗខ្លួន ដើម្បីពិសារអាហារសាមគ្គី និងរាំលេងកំសាន្ត។
សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕