(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិកចូលរួមជាង ១ម៉ឺននាក់ ដោយទទួលបានការអបអរសាទរតាមដងផ្លូវ ព្រមទាំងទទួលបានការស្រលាញ់ គាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិកគ្រប់រូប ប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំបំពេញការងារតាមគោលមាគ៌ារាជរដ្ឋាភិបាលដឹកនាំដោយប្រជាជន ដែលមានសម្តេចតេជោ ជាប្រមុខ សម្រេចបាននូវសមិទ្ធិផល ជាច្រើនក្នុងអាណត្តិទី៦ ដោយកសាងបានសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសមិទ្ធផលជាច្រើនក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ តាមវិស័យអាទិភាពទាំង៤ និងកសាងបានជីវភាព រស់នៅសុខដុមរមនានៅក្នុងគ្រួសារ សហគមន៍ ព្រមទាំងកសាងតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍគ្រប់វិស័យ។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកាន់តែខ្លាំងក្លា ប្រជាជនមានជីវភាព កាន់តែធូរធារនិងបន្តមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ៕