(ស្វាយរៀង)៖ លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នា ឱកាសនោះ លោក ម៉ឹង សំផន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបាន ថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាង ពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោក ម៉ឹង សំផន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើ សន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មាន រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស។ នៅក្នុងថ្ងៃបិទវគ្គយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះផងដែរ ក៏មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមដង្ហៃរនៅមូលដ្ឋានទូទាំងស្រុកចន្ទ្រា ដែលចូលរួមមានចំនួន ៣.២០០នាក់៕