(ស្ទឹងត្រែង)៖ អង្គការ ភ្លែនអន្តរជាតិកម្ពុជា សហការជាមួយ មូលនិធិសិទ្ធិកុមារ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិមនុស្សធម៌ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានបើកសម្ពោធជាផ្លូវការនូវគម្រោង «សាសារៀនសុវត្ថិភាព» នៅខេត្តស្ទឹងត្រែង ក្នុងសប្ដាហ៍នេះ ដើម្បីជាការទប់ស្កាត់គ្រោះធម្មជាតិ និងគ្រោះមហន្តរាយមិនឲ្យរារាំងការសិក្សា និងគ្រោះថ្នាក់ដល់ជីវិតរបស់កុមារ។
លោក Jan Jaap Kleinrensink នាយកប្រចាំប្រទេសអង្គការ ភ្លែនអន្ដរជាតិកម្ពុជា បានឲ្យដឹងថា គម្រោង«សាលារៀនសុវត្ថិភាព»នេះ ដំបូងឡើង នឹងត្រូវអនុវត្តនៅក្នុងសាលារៀនចំនួន១៥ ក្នុងឃុំចំនួនបួន ដែលមានហានិភ័យខ្ពស់ នៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា សំដៅបង្កើនសុវត្ថិភាពកុមារ នៅពេលមានគ្រោះធម្មជាតិ និងជួយឲ្យពួកគាត់អាចត្រឡប់ទៅសាលារៀនវិញបានឆាប់រហ័ស។ កម្មវិធីនេះ ស្ថិតក្រោមកិច្ចផ្តួចផ្តើម «សាលារៀនសុវត្ថិភាព» របស់អាស៊ាន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ។
លោកបានបន្ថែមថា «គ្រោះទឹកជំនន់ក្នុងរដូវវស្សា ជាបញ្ហាដែលតំបន់មួយចំនួននៅកម្ពុជា តែងតែជួបប្រទះជាប្រចាំ ពិសេស ទឹកជំនន់ជន់ជោរលឿន ប៉ុន្តែស្រកទៅវិញយឺត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ការងាររបស់សហគមន៍ និងសាលារៀនយ៉ាងយូរទៀតផង ហើយបញ្ហានេះ ប៉ះពាល់ដល់កុមារខ្លាំង ព្រោះអាចបង្កមេរោគផ្សេងៗផងដែរ។ ដូច្នេះ កម្មវិធីនេះសំដៅព្យាយាមធានាថា សាលារៀនមានការត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់សន្តិសុខដល់កុមារក្រោយមានគ្រោះធម្មជាតិ និងជួយឲ្យកុមារអាចឆាប់ត្រឡប់ ទៅរៀនវិញបានជាធម្មតា» ។
អង្គការភ្លែនអន្តរជាតិ បាននឹងកំពុងបំពេញការងារ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២មក ដោយព្យាយាមផ្តល់ឲ្យកុមារកម្ពុជា នូវលទ្ធភាពទទួលបានការអប់រំ ការលើកកម្ពស់សុខភាព ការរកប្រាក់ចំណូលប្រកបដោយនិរន្តរភាព និងការការពារ។ ជាមួយនឹងការផ្តោតលើការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ និងការស្តារឡើងវិញ គម្រោង «សាលារៀនសុវត្ថិភាព» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការបណ្តុះបណ្តាល និងផ្តល់សិទ្ធអំណាចដល់កុមារ និងលោកគ្រូ-អ្នកគ្រូ ដើម្បីជួយឲ្យពួកគាត់អាចទប់ទល់ ទៅនឹងបញ្ហាគ្រោះធម្មជាតិ ដែលអាចកើតមានឡើង ។
លោក Justin Chang ប្រធានគ្រប់គ្រងកម្មវិធីប្រចាំតំបន់ នៃមូលនិធិព្រូដិនស៍ បានថ្លែងថា «តួនាទីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត គឺផ្តល់ជូនបុគ្គល និងក្រុមគ្រួសារនូវសន្តិសុខ ការការពារ និងការកាត់បន្ថយហានិភ័យ ហើយយើងមានមោទនភាពណាស់ ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅក្នុងកិច្ចការងារនេះ។ ដូច្នេះហើយ វាសក្តិសមបំផុតដែលមូលនិធិព្រូដិនស៍ ផ្តោតការយកចិត្តទុកដាក់លើកម្មវិធី ដូចជា កម្មវិធី«សាលារៀនសុវត្ថិភាព» នេះ ដែលសំដៅជួយរៀបចំ សាលា និងអប់រំកុមារអំពីហានិភ័យ ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ដែលពួកគាត់អាចជួបប្រទះ»។
គួរបញ្ជាក់ថា គម្រោងនេះ នឹងប្រែក្លាយគណៈកម្មការទ្រទ្រង់ សាលាចំនួន១៥ ក្នុងទីតាំងដែលបានជ្រើសរើស ឲ្យក្លាយទៅជា គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយសាលា បន្ទាប់មក គណៈកម្មការទាំងនេះ នឹងទទួលបានការគាំទ្រក្នុងការងារវាយតម្លៃគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសមត្ថភាព ក៏ដូចជាធ្វើការជិតស្និទ្ធជាមួយក្រុមប្រឹក្សាកុមារ ដើម្បីអភិវឌ្ឍផែនការគ្រប់គ្រង គ្រោះមហន្តរាយ សម្រាប់សាលានីមួយៗ យកទៅអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនសុវត្ថិភាពនៅពេលមានគ្រោះធម្មជាតិ ។
គណៈកម្មការទាំងនេះ នឹងសហការជិតស្និទ្ធ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំ ដែលត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាល សម្រាប់ដឹកនាំកិច្ចការ ដោះស្រាយបញ្ហាគ្រោះមហន្តរាយនៅថ្នាក់ឃុំ សម្រាប់សាលារៀនទាំង១៥ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ ស្ថិតនៅក្នុងឃុំអូររៃ អូរស្វាយ ថាឡាបរិវ៉ាត់ និងឃុំព្រះរំអែល ក្នុងខេត្ដស្ទឹងត្រែង៕