(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្កិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ប្រមាណជាង៣០០០នាក់ ហែក្បួនឃោសនាលើកទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ជុំវិញនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីហែក្បួនលើកទី៤នេះ ចាប់ផ្ដើមចេញពីដំណើរពីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ឆ្ពោះទៅកាន់ឃុំនានា ក្នុងមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងស្វែងរកសំឡេងគាំទ្រពីបងប្អូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹតទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនបម្រុង តំណាងរាស្ត្រខេត្តកំពង់ចាម, លោក ជ្រុន ថេរ៉ាវាត់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកព្រៃឈរ, លោក ឃឹម សិរីវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមការងារចុះជួយស្រុកព្រៃឈរ, ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំងអស់ នៃស្រុកព្រៃឈរ, លោក ឡោ ចាន់លី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម, ប្រធានក្រុមការងារចុះជួយឃុំ ទាំង១៥ នៃស្រុកព្រៃឈរ, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។

ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។

លោកបានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន។ នេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់កម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបានឡើយ។

លោកបេក្ខជនតំណាងរាស្រ្ត បានបន្តថា សន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិដ៏ថ្លៃថ្លាបំផុតដែលយើងសម្រេចបាន មកដល់ពេលនេះ ដោយចាប់ផ្ដើមពីចំណុចសូន្យ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងទាំងមូល ក្នុងស្មារតី ភាពជាម្ចាស់ដើម្បីជាតិមាតុភូមិ និងជីវិតរស់នៅរបស់ខ្លួន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។

លោកបន្ថែមថា ដើម្បីធានាការពារសន្តិភាព និងនិរន្តរភាពជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គណបក្សប្រជាជនកម្ពុជា បានប្រកាស និងស្នើសុំការគាំទ្រពីបងប្អូនជនរួមជាតិនូវ “កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដោយលើមូលដ្ឋានកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រកាន់ខ្ជាប់នូវគោលជំហរជាយុទ្ធសាស្ត្រទាំង៤ ដែលបានអនុវត្ត និងបន្តអនុវត្តដូចខាងក្រោម៖

*ទី១៖ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុង សង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

*ទី២៖ ពង្រឹងឯកភាពជាតិ និងប្តេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់ បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជា តាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

*ទី៣៖ បន្តជ្រោងទង់មហាសាមគ្គីជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សំដៅបង្រួបបង្រួម ប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿសាសនា, និន្នាការនយោបាយ, អតីតកាល, ដើម កំណើតជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។

*ទី៤៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ដើម្បីធានាការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន គណបក្សប្រជាជនកម្ពុជា នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលនយោបាយជាអាទិភាពចំនួន៦ និងកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដូចដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្សព្វផ្សាយក្នុងយុទ្ធនាការឃោសនា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ។

សូមបញ្ជាក់ថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣-២០២៨ ជាការបន្តនៃកម្មវិធីនយោបាយ ឆ្នាំ២០១៨-២០២៣ និងឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស៕