(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាល និងដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានសមាជិក-សមាជិកាចូលរួមជាង ៣ ០០០នាក់។
ថ្លែងទៅកាន់មហាជន និងយុវជនយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា លោក សេរី កុសល បានអានសាររបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងបានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកា បក្ស និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការ។
លោកបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ដាក់ខាតត្រូវតែសមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក និងអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
លោកបានណែនាំដល់សមាជិក សមាជិកា ខិតខំសម្របសម្រួលដល់សមាជិកផ្សេងទៀត ដែលមានបញ្ហាសុខភាព ឬមានវ័យចាស់ជរាជាដើម ត្រូវរៀបចំមធ្យោបាយធ្វើដំណើរ និងសម្រួលឱ្យពួកគាត់អាចទៅចូលរួមបោះឆ្នោតបាន គូសសន្លឹកឆ្នោតដ៏ត្រឹមត្រូវ។ ហើយការបោះឆ្នោត លោកសន្យាថានឹងបន្តជួបជាមួយបងប្អូនបន្តទៀត។
បន្ទាប់ពីមានមតិសំណេះសំណាលរួច, លោក សេរី កុសល បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក ដែលក្បូនដង្ហែបិទបញ្ចប់ការឃោសនានេះ បានបង្ហាញនូវសក្តានុពល និងថាមពលនៃគណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រុក ដែលអាចយកប្រៀបឈ្នះក្នុងការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕