(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដោយមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង ៤៥០០នាក់។
ថ្លែងក្នុងឱកាសដឹកនាំក្បួនឃោសនាបោះឆ្នោត នាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ លោក គង់ វិបុល បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាន ក៏ដូចជាការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជន។
តាងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងអរិយក្សត្រ និងជំនួសមុខឱ្យគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ លោក គង់ វិបុល បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានបងប្អូន សមាជិកបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានជួបជុំយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសំដែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ។
លោកបានថ្លែងទៅកាន់អ្នកគាំគណបក្សប្រជាជនបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងបានការពារយ៉ាងរឹងមាំនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន, ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងការពង្រឹង និងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានគោរព ការពារ និង លើកស្ទួយ ខណៈវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និង វិស័យផ្សេងៗទៀតកាន់តែរីកចម្រើន ស្របពេលដែលកម្រិតជីវភាពរស់នៅរបស់ប្រជាជន ក៏កាន់តែប្រសើរឡើងជាលំដាប់។
លោកបន្ថែមថា សមិទ្ធផលថ្មីៗជាច្រើនឥតគណនារួមមាន៖ ផ្លូវ, ស្ពាន, ប្រព័ន្ធធារាសាស្ត្រ, បណ្តាញទឹកស្អាត, អណ្ដូងទឹក, អគ្គិសនី, រោងចក្រ, កសិដ្ឋាន, សំណង់តូចធំគ្រប់ប្រភេទ, មណ្ឌលពាណិជ្ជកម្ម, សាលារៀន, មន្ទីរពេទ្យ, មណ្ឌលសុខភាព, វត្តអារាម។ល។ ត្រូវបានកសាងឡើង ទាំងនៅទីក្រុង និងទីជនបទ ព្រមទាំងនៅតាមតំបន់ព្រំដែន ផងដែរ។ គ្មានមូលដ្ឋានណាដែលស្ថិតនៅឆ្ងាយដាច់ស្រយាលមិនអាចទៅដល់ និងគ្មានការអភិវឌ្ឍ នោះទេ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការគោលនយោបាយជាច្រើន ដើម្បីលើកស្ទួយផលិតកម្ម, បង្កើតការងារ និង មុខរបរជូនប្រជាជន, ពង្រឹង និងពង្រីកសេវាសាធារណៈ, ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម, ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប, ពិសេស ប្រជាជនក្រីក្រ និងងាយរងគ្រោះ, ក្នុងស្មារតីមិនបោះបង់ប្រជាពលរដ្ឋខ្មែរណាម្នាក់ឡើយ។
ទន្ទឹមនឹងភាពរឹងមាំនៃកត្តាផ្ទៃក្នុងជាតិ កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក៏កាន់តែត្រូវបានលើកកម្ពស់ និងលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ជាពិសេស តាមរយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការរៀបចំអង្គរសង្ក្រាន្ត, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង៕