(ព្រះវិហារ)៖ លោក ទៀន សោភ័ណវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកូលែន និងលោក សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកគូលែន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ១,៨០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកគូលែន ខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារខេត្តចុះជួយស្រុកគូលែន ចុះជួយឃុំ លោកប្រធាន អនុប្រធាន គណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិកា គណបក្សប្រជាជនប្រមាណ១,៨០០នាក់។

លោក ទៀន សោភ័ណវង្ស និងលោក សួស សុខដារ៉ា បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋស្រុកគូលែន ត្រូវថែរក្សាសុខភាពឲ្យបានល្អត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

សូមបញ្ជាក់ថា ពិធីដង្ហែរក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោតយ៉ាងអធឹកអធម នៅស្រុកគូលែន នាឱកាសនេះ គឺប្រើប្រាស់រថយន្តចំនួន២០០គ្រឿង ម៉ូតូចំនួន១៥០គ្រឿង ត្រាក់ទ័រចំនួន៣៥គ្រឿង និងគោយន្តកន្ត្រៃយ៍ចំនួន១៥គ្រឿង ក្រោមការស្វាគមន៍ស្រែកគាំទ្រយ៉ាងរីករាយពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅតាមដងផ្លូវ៕