(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្តេច ខេត្តព្រៃវែង និងជាបេក្ខជនតំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាចំនួនជិត ៦ពាន់នាក់ ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។
ថ្លែងក្នុងឱកាសនោះលោកបានលើកឡើងថា ដោយសារការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ទើបធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍។ ហេតុនេះដើម្បីរក្សាបាននូវសន្តិភាព ទើបគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងបំពេញបន្ថែម នូវចំនុចខ្វះខាតកន្លងមក និងជំរុញបំពេញបន្ថែមគោលការផ្សេងទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្តេច បានបញ្ជាក់ថា ដើម្បីរក្សាសន្តិភាពឲ្យគង់វង្ស គណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តយកជ័យជំនៈបន្តទៀត នៅក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីយកសិទ្ធក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី។
លោកបានលើកឡើងថា ដើម្បីភាពឈ្នះគណបក្សបានដាក់ចេញនូវគោលនយោបាយចំនួន៦ចំណុច៖
១៖ បន្តផ្តល់សេវាសាធារណៈ លើការងារចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ មិនយកកម្រៃ ប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត។
២៖ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករពង្រីកផលិតកម្ម និងរកទីផ្សារកសិផលបែងចែក និងផ្តល់ដីកម្មសិទ្ធិជូនគ្រួសារក្រីក្រគ្មានដី តាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច បន្ត ធ្វើប្រទានកម្មដីជូនប្រជាជន ដែលរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋ តាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន និងបន្តជំរុញការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ ចំពោះរាល់សកម្មភាព ទន្ទ្រានដីរដ្ឋខុសច្បាប់ តាមគ្រប់រូបភាព។
៣៖ បន្តផ្តល់សិទ្ធិកាន់កាប់ ប្រើប្រាស់អាស្រ័យផល និងសិទ្ធិផ្ទេរសិទ្ធិតូប រាន ស្តង់លក់ដូរ ជូនអាជីវករលក់ដូរតាមផ្សាររដ្ឋ បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ នៅតាមទីផ្សារនានា នៅទូទាំងប្រទេស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយចំណាយលើថ្លៃទឹក ថ្លៃអគ្គិសនី និងធានាស្ថិរ ភាពថ្លៃម្ហូបអាហារ នៅលើទីផ្សារ។
៤៖ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តអភិវឌ្ឍគ្រប់ ឃុំ សង្កាត់ ឱ្យមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ សេវាទូរគមនាគមន៍ពេញលេញ រៀបចំ ប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែប្រសើរ និងរៀបចំផ្លូវគមនាគមន៍ ឱ្យកាន់តែល្អទាំងស្ថាបនាផ្លូវថ្មីជួស ជុលថែទាំ និងប្រែក្លាយពីផ្លូវដី ទៅផ្លូវក្រាលកៅស៊ូ ឬ ផ្លូវបេតុង។
៥៖ បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករ និយោជិត បន្តអនុវត្តគោលការណ៍មិនយកពន្ធលើប្រាក់បៀវត្សអប្បបរមា របស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ។ បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគ្រាមានគ្រោះអាសន្ន និងគ្រាមានវិបត្តិផ្សេងៗ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ព្រមទាំងកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ។
៦៖ បន្តលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង សមធម៌ជូនប្រជាជន។ ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និង បង្កើនវិទ្យាល័យនៅតាមស្រុក ដើម្បីឱ្យយុវជនទទួលបានឱកាសសិក្សារៀនសូត្រ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមានការងារធ្វើ៕