(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឱរ៉ាល់ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាប្រមាណជា ២ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងស្រុកឱរ៉ាល់។
ក្នុងក្បួនដង្ហែនោះទទួលបានការស្វាគមន៍យ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្នុងក្បួនដង្ហែនោះ លោក សុខ ភា បានស្រែកនូវជ័យឃោសនានា ជាមួយការអំពាវនាវប្រជាពលរដ្ឋទូទាំងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក សុខ ភា បានគូសបញ្ជាក់ថា តាំងពីចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនជាប់ជានិច្ច ដោយរួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គជាមួយប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន។ ជាសច្ចភាពប្រវត្តិសាស្ត្រ គណបក្សប្រជាជនកម្ពុជានេះហើយ ជារំដោះប្រទេសជាតិ និងរំដោះអាយុជីវិតប្រជាជនចេញពីរណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវការរស់រានមានជីវិត ព្រមទាំងសេចក្ដីថ្លៃថ្នូក្នុងនាមជាមនុស្សជូនប្រជាជនវិញ។
ដោយឡែក ក្នុងរយៈពេល៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ រហូតសម្រេចបានសមិទ្ធិជាប្រវត្តិសាស្ត្ររាប់ជាច្រើនសម្រាប់ជាតិ និងប្រជាជន។ បច្ចុប្បន្នកម្ពុជា ក្លាយជាកោះសន្តិភាព ពោរពេញដោយការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដែលប្រជាពលរដ្ឋគ្រប់រូបសុទ្ធសឹងតែបានដឹងច្បាស់។
ជារួមគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមាននូវគុណបំណាច់ច្រើនរាប់មិនអស់ចំពោះជាតិ។ ដូចជាគុណបំណាច់នៃការសង្គ្រោះជីវិតប្រជាជនពីមាត់រណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍, ការដឹកនាំប្រទេសឱ្យមានភាពចម្រើនលើគ្រប់វិស័យ, ការកសាងប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា, ការកសាងមោទនភាពជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នកម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោក សុខ ភា បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំមួយ មានគុណសម្បត្តិរឹងមាំគ្រប់គ្រាន់ដើម្បីធានាឱ្យដំណើការប្រជាធិបតេយ្យនៅកម្ពុជាកាត់តែរឹងមាំកាន់តែមានការអភិវឌ្ឍធំធេង និងឆាប់រហ័សដោយឈរលើមូលដ្ឋានធំៗជាច្រើនដែលគណបក្សមាន៖
ទី១៖ មានគោលនយោបាយដើម្បីប្រជាជន និងឧត្តមគតិជាតិជាធំ។
ទី២៖ មានរចនាសម្ព័ន្ធចាត់តាំងដឹកនាំរឹងមាំពីថ្នាក់កណ្ដាលរហូតដល់មូលដ្ឋាន និងមានសមាជិកគាំទ្រច្រើន។
ទី៣៖ មានកម្មវិធីនយោបាយក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍច្បាស់លាស់។
ទី៤៖ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសគ្រប់កាលៈទេសៈ។
ទី៥៖ មានស្នាដៃ សមិទ្ធិផល និងភាពជាអ្នកដឹកនាំជាសក្ខីភាពជាក់ស្ដែង។
ទី៦៖ សម្បូរធនធាន ជាពិសេសធនធានមនុស្សសម្រាប់ដឹកនាំប្រទេសទាំងក្នុងបច្ចុប្បន្ន និងបន្តវេណនាពេលអនាគត។
ទី៧៖មានទំនាក់ទំនងអន្តរជាតិល្អ ដែលនឹងជួយឱ្យធានាបានសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់វិស័យ។
ក្នុងពិធីដង្ហែក្បួនបិទយុទ្ធនាការនោះ លោក សុខ ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំឱ្យចាញ់បោកការឃោសនាអកុសលពីក្រុមមនុស្សគតិក្រៅស្រុកមួយក្ដាប់តូច ដែលបានញុះញង់ឱ្យគូសបំផ្លាញ សន្លឹកឆ្នោត ក៏ដូចជាបំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដែល ប្រទេសកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានការរីកចម្រើនជាលំដាប់៕