(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោតហ្វ្រង់កូហ្វូនី ដឹកនាំដោយ លោក Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយ និងការទូត ចូលជួបសម្តែងការគួរសម នៅសណ្ឋាគារសូហ្វីតែលផូគីត្រា ក្នុងខណៈដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមសង្កេតការណ៍ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា។

អង្គការប្រទេសនិយាយភាសាបារាំង«ហ្រ្វង់កូហ្វូនី» មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍បោះឆ្នោតនៅតាមប្រទេសជាសមាជិក។ នៅកម្ពុជាអង្គការនេះនឹងសង្កេតការណ៍បោះឆ្នោតនៅបីទីតំាងមាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ លោក Desir Nyaruhirira បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍របស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ។ នៅក្នុងឱកាសនោះ លោកបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាជាមួយអង្គការហ្វ្រង់កូហ្វូនី។

លោក Desir Nyaruhirira បានគោរពជម្រាបជូនសម្តេចប្រធានរដ្ឋសភា នៅក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ អង្គការនឹងមានរបាយការណ៍មួយដើម្បីដាក់ជូនអង្គការ និងជូនមកប្រទេសកម្ពុជា។

នាឱកាសនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូ។ សម្តេចបានថ្លែងថា ប្រទេសកម្ពុជាពិតជាមានកិត្តិយសខ្លាំងណាស់ដោយ លោក ក្នុងនាមជាទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកនយោបាយ និងការទូត របស់លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនគណៈប្រតិភូថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដែលមានគណបក្សនយោយបាយជាច្រើន តែងចូលរួមប្រកួតប្រជែងដោយស្មើភាព ក្រោមការរៀបចំរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ។ ជាមួយគ្នានេះ សម្តេចបានជូនពរឱ្យការបំពេញបេសកកម្មនៅកម្ពុជានាពេលនេះទទួលបានជោគជ័យល្អផងដែរ៕