(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោតពីគ្រប់បណ្ដាគណបក្សនានា ក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សម្រាប់ខេត្តព្រះសីហនុ មានគណបក្សចំនួន៦ បានធ្វើការឃោសនានៅព្រឹកនេះ។
លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រាប់ឲ្យដឹងថា ចំពោះថ្ងៃបិទបញ្ចប់ នៃការឃោសនារកសំឡេងឆ្នោតថ្ងៃនេះ លោកមិនបានធ្វើការហែរជាក្បួនជាទ្រង់ទ្រាយធំដូចថ្ងៃកន្លងទៅ ដោយសារកក្តាអាកាស ធាតុមិនល្អ ប៉ុន្តែឃើញថាតាមបណ្តាស្នាក់ការបក្សឃុំ/សង្កាត់ ក្រុង/ស្រុក មានការជួបជុំសមាជិក សាមាជិការគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើឃោសនា និងហែរក្បួនតាមមូលដ្ឋានរៀងៗខ្លួន។
ក្នុងឱកាសនេះផងដែរលោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅមណ្ឌលបោះឆ្នោតខេត្តព្រះសីហនុ មានគណបក្សនយោបាយ៦ ដែលបានធ្វើសកម្មភាពឃោសនារកសំឡេងបោះឆ្នោតនៅខេត្តព្រះសីហនុ ឃើញថាមានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេក្នុងចំណោមគណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជី នៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តព្រះសីហនុ ដោយតាមស្នាក់ការនីមួយៗមានការចូលរួមពីសមាជិកសមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាច្រើនពាន់នាក់ផងដែរ។
ចំពោះគណបក្សទាំង៦ ដែលបានធ្វើសកម្មភាពនោះរួមមាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា (ធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត ចាក់មេក្រូនៅទីស្នាក់ការ ចាក់មេក្រូចល័ត)
*ទី២៖ គណបក្សយុវជនកម្ពុជាចាក់មេក្រូចល័ត
*ទី៣៖ គណបក្សឯកភាពជាតិខ្មែរ ចាក់មេក្រូនៅទីស្នាក់ការបក្ស
*ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច ចាក់មេក្រូនៅទីស្នាក់ការបក្ស
*ទី៥៖ គណបក្សសញ្ជាតិកម្ពុជា ចាក់មេក្រូនៅទីស្នាក់ការបក្ស
*ទី៦៖ គណបក្សខ្មែររួបរួមជាតិ ចាក់មេក្រូនៅទីស្នាក់ការបក្ស។ ចំណែកគណបក្សផ្សេងទៀត (៦គណបក្ស) មិនមានសកម្មភាពឡើយ៕