(ព្រៃវែង)៖ លោកបណ្ឌិត ស្ដើង សុខុម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការអំពាវនាវរបស់លោកបណ្ឌិត ស្ដើង សុខុម ធ្វើឡើងក្នុងឱកាសជួបជុំសមាជិក សមាជិកា ជាង៤,៥០០នាក់ ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នៅស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារ លោកបណ្ឌិត ស្ដើង សុខុម បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ជាពិសេសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកា ទាំង៤,៥០០នាក់។
លោកបណ្ឌិត ស្ដើង សុខុម បានគួសបញ្ជាក់ថា តាំងពីចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនជាប់ជានិច្ច ដោយរួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គជាមួយប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន។ ជាសច្ចភាពប្រវត្តិសាស្ត្រ គណបក្សប្រជាជនកម្ពុជានេះហើយ ជារំដោះប្រទេសជាតិ និងរំដោះអាយុជីវិតប្រជាជនចេញពីរណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវការរស់រានមានជីវិត ព្រមទាំងសេចក្ដីថ្លៃថ្នូក្នុងនាមជាមនុស្សជូនប្រជាជនវិញ។
ដោយឡែក ក្នុងរយៈពេល៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ រហូតសម្រេចបានសមិទ្ធិជាប្រវត្តិសាស្ត្ររាប់ជាច្រើនសម្រាប់ជាតិ និងប្រជាជន។ បច្ចុប្បន្នកម្ពុជា ក្លាយជាកោះសន្តិភាព ពោរពេញដោយការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដែលប្រជាពលរដ្ឋគ្រប់រូបសុទ្ធសឹងតែបានដឹងច្បាស់។
ជារួមគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមាននូវគុណបំណាច់ច្រើនរាប់មិនអស់ចំពោះជាតិ។ ដូចជាគុណបំណាច់នៃការសង្គ្រោះជីវិតប្រជាជនពីមាត់រណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍, ការដឹកនាំប្រទេសឱ្យមានភាពចម្រើនលើគ្រប់វិស័យ, ការកសាងប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា, ការកសាងមោទនភាពជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នកម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោកបណ្ឌិតបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំមួយ មានគុណសម្បត្តិរឹងមាំគ្រប់គ្រាន់ដើម្បីធានាឱ្យដំណើការប្រជាធិបតេយ្យនៅកម្ពុជាកាត់តែរឹងមាំកាន់តែមានការអភិវឌ្ឍធំធេង និងឆាប់រហ័សដោយឈរលើមូលដ្ឋានធំៗជាច្រើនដែលគណបក្សមាន៖
ទី១៖ មានគោលនយោបាយដើម្បីប្រជាជន និងឧត្តមគតិជាតិជាធំ។
ទី២៖ មានរចនាសម្ព័ន្ធចាត់តាំងដឹកនាំរឹងមាំពីថ្នាក់កណ្ដាលរហូតដល់មូលដ្ឋាន និងមានសមាជិកគាំទ្រច្រើន។
ទី៣៖ មានកម្មវិធីនយោបាយក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍច្បាស់លាស់។
ទី៤៖ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសគ្រប់កាលៈទេសៈ។
ទី៥៖ មានស្នាដៃ សមិទ្ធិផល និងភាពជាអ្នកដឹកនាំជាសក្ខីភាពជាក់ស្ដែង។
ទី៦៖ សម្បូរធនធាន ជាពិសេសធនធានមនុស្សសម្រាប់ដឹកនាំប្រទេសទាំងក្នុងបច្ចុប្បន្ន និងបន្តវេណនាពេលអនាគត។
ទី៧៖មានទំនាក់ទំនងអន្តរជាតិល្អ ដែលនឹងជួយឱ្យធានាបានសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់វិស័យ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតមានជំនឿយ៉ាងមុតមាំថា សមាជិកសមាជិកា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះសន្លឹកឆ្នោត និងការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋពិតជាមានតម្លៃសម្រាប់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។ គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគុណបំណាច់ និងគុណសម្បត្តិរឹងមាំ ដើម្បីធានាដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍកម្ពុជាយ៉ាងពិតប្រាកដ។
លោកបណ្ឌិត ស្ដើង សុខុម អះអាងយ៉ាងមុតមាំថា «ចង់បានសន្តិភាព ចង់បានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ ចង់បានការធានាដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំ មានមោទនភាពជាតិថែមទៀត ជាពិសេសទប់ស្កាត់ការវិលត្រឡប់នៃសង្គ្រាម សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយគូសឱ្យត្រូវក្នុងប្រអប់លេខរៀងទី១៨ មានរូបសញ្ញាទេវតានៅជួរទី២ខាងក្រោមគេលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្ន»។
ជាមួយគ្នានោះលោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំឱ្យចាញ់បោកការឃោសនាអកុសលពីក្រុមមនុស្សគតិក្រៅស្រុកមួយក្ដាប់តូច ដែលបានញុះញង់ឱ្យគូសបំផ្លាញ សន្លឹកឆ្នោត ក៏ដូចជាបំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដែល ប្រទេសកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានការរីកចម្រើនជាលំដាប់។ សារជាថ្មីម្ដងទៀត លោកបណ្ឌិតប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបោះឆ្នោតទាំងអស់ សូមទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាការឆ្លើយតប សមាជិក សមាជិកា ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ បានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើមយកជ័យជម្នះធំធេងជូនស្រុកកំចាយមារឱ្យខាងតែបាន៕