(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង១ម៉ឺននាក់ ដង្ហែរអបអរសាទរតាមដងផ្លូវ ព្រមទាំងទទួលបានការស្រលាញ់ គាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ទូទាំង១១ឃុំ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

នាឱកាសនោះ លោក លឹម គានហោ បានមានប្រសាសន៍ថា សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្ស ដូចនេះយើងរួមគ្នាដើម្បីគណបក្សប្រជាជនកម្ពុជាយើងទទួលបានជោគជ័យ សម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែរីកចម្រើន បន្តថែរក្សាសុខសន្តិភាព បន្តការគាំពារសង្គមជូនដល់ប្រជាពលរដ្ឋ សម្រាប់៥ឆ្នាំបន្តទៀត។

សូមបញ្ជាក់ថា ស្ថានភាពទូទៅក្នុងរយៈពេលល២១ថ្ងៃនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទាំងផ្នែកសន្តិសុខសុវត្ថិភាព ឥរិយាបថ ក្រមសិលធម៌របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕