(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្តាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានអញ្ជើញចុះជួបជុំ និងដឹកនាំហែក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅក្រុងអរិយក្សត្រ ដែលមានសមាជិក-សមាជិកា ចូលរួមប្រមាណជាង ៥០០០នាក់។
សមាជិក-សមាជិកាបក្សទាំងអស់ដែលមានវត្តមាននៅក្នុងពិធីសំណោះសំណាលនោះ បានសំដែងការសប្បាយរីករាយ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្ស និងគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេនសម្រាប់អនាគត។
ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទាំងអស់ និងពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ រូបសញ្ញា “ទេវតាបាចផ្កា” ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត ពោលគឺថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង!
គឺដើម្បីសុខសន្តិភាព, ការអភិវឌ្ឍ និង ប្រជាធិបតេយ្យ!៕